កម្ពុជាបណ្ដេញថៃ១៤នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗទៅប្រទេសកំណើតវិញ

​សមត្ថកិច្ចជំនាញ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦  នេះ បានបណ្ដេញជនជាតិថៃសរុបចំនួន ១៤នាក់ ក្នុងនោះស្រី០៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងបទល្មើសផ្សេងៗទៀត ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទសកំណើតវិញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្នុងភូមិសាស្ត្រខេត្តកោះកុង។

បើតាមការផ្សព្វផ្សាយរ​បស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជានជាតិថៃទាំងនេះ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លួចរក្សាទុក និងប្រើប្រាស់ដោយនូវសារធាតុញៀនខុសច្បាប់, លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

​អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ជាក់ជំហរម៉ឺងម៉ាត់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។

​អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងទៀតថា  កម្លាំងសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។

អត្ថបទដែលជាប់ទាក់ទង