កម្ពុជារៀបចំប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣, ទេសរដ្ឋមន្ត្រី គន់ គីម៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាកត្តាចំបងឆ្លើយតបការវិវត្តន៍បញ្ហាប្រឈមពីគ្រោះមហន្តរាយគំរាមកំហែង
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតី ក្នុងពិធីស្វាគមន៍សម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ពិធីស្វាគមន៍សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រង គ្រោះមហន្តរាយមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, ព្រមទាំងតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន, ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការអាស៊ាន, និងនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center) ផងដែរ។
ក្នុងសន្ទរកថាស្វាគមន៍ ទេសរដ្ឋមន្ត្រី ថ្លែងថា ការជួបប្រជុំសម្រាប់ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំនេះ គឺជាពេលវេលាដ៏សំខាន់មួយ ដោយសារតំបន់អាស៊ានកំពុងប្រឈមនឹងទិដ្ឋភាព ហានិភ័យដ៏ស្មុគស្មាញ និង ថាមវន្តកាន់តែខ្លាំងឡើងបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមពាក់ព័ន្ធផ្សេងទៀត។
លោកបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាស៊ានបានបង្ហាញការគ្រោះថ្នាក់គ្រោះមហន្តរាយកើតឡើងជាញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ដែលបានរំខានដល់ជីវភាពរស់នៅ និងធ្វើឱ្យប៉ះពាល់ដល់កំណើននៃការអភិវឌ្ឍន៍ ដូច្នេះក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងវិវត្តន៍ទាំងនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅតែជាកត្តាចាំបាច់។
ទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា វត្តមានរបស់បណ្តារដ្ឋមន្រ្តីគ្រោះមហន្តរាយអាស៊ាន និងប្រទេសជាដៃគូ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកសម្រាប់ការគ្រប់គ្រង គ្រោះមហន្តរាយ និងការកសាងភាពធន់។
លើសពីនេះទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំនៃសន្និសីទនៃភាគីអាត់ម៊ែរ គឺជាវេទិកាដ៏សំខាន់ សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។
ទេសរដ្ឋមន្រ្តី លើកឡើងទៀតថា គោលដៅចម្បងក្នុងការរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយក្នុងអាស៊ាន នាពេលអនាគត ត្រូវផ្អែកលើប្រធានបទសំខាន់ៗ ដូចជា កិច្ចសហប្រតិបត្តិការក្នុងតំបន់, ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការសន្ទនាខោយបើកចំហ និងកិច្ចសហការដែលនឹងអនុញាតិឱ្យសមាជិកទាំងអស់បញ្ជាក់ពីអាទិភាពសំខាន់ៗ និងរៀបចំបង្កើតចក្ខុវិស័យរួម សម្រាប់អាស៊ាន ដែលមានភាពធន់ជាងមុន។
ទេសរដ្ឋមន្រ្តី បន្ថែមថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥ បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់អាស៊ាន ចំពោះភាពធន់នឹងគ្រោះមហន្តរាយ ព្រមទាំងលើកកម្ពស់សម្រាប់សុខដុមនីយកម្មអាស៊ានទាំងមូល៕